​មនុស្ស​គ្រប់​គ្នា​មិន​ត្រូវ​មើល​រំលង​អាហារ​ពេល​ព្រឹក​នោះ​ឡើយ​ ប្រសិន​បើ​ចង់​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។ ​ការ​ស្រាវជ្រាវ​របស់​អាមេរិក​ដែល​ធ្វើឡើង​លើ​បុរស​ ២៧០០០ ​នាក់ ​បាន​បង្ហាញ​ថា ​ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង។

​​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ Harvard ​​ ​បាន​រក​ឃើញ​ថា ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នឹង​ធ្វើ​ឲ្យ​រាងកាយ “ស្ពឹក ​និង​ឈឺចាប់”។
​បុរស​ដែល​ចូល​រួម​ការ​សិក្សា​គឺ​មាន​អាយុ​ចន្លោះ​ពី​ ៤៥ ដល់ ៨២ ​ឆ្នាំ ​ហើយ​ការ​សិក្សា​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៦ ​ឆ្នាំ។ ​អំឡុង​ពេល​សិក្សា​ទាំង​មូល​អត្រា​អ្នក​ជួប​បញ្ហា​ជំងឺ​ខ្សោយ​បេះដូង​ធ្ងន់ធ្ងរ ​និង​គាំង​បេះដូង​មាន​ជាង​ ១៥០០ ​ករណី។
​​​ចំណុច​នេះ​ចង្អុល​បង្ហាញ​ថា ​អ្នក​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​អាច​ប្រឈម​នឹង​បញ្ហា​បេះដូង​ ២៧% ​ខ្ពស់​ជាង​អ្នក​ដែល​បាន​ទទួល​ទាន។
​អ្នក​ស្រី​វេជ្ជបណ្ឌិត​ Leah Cahill ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ BBC ថា​ ៖”សារ​មួយ​សម្រាប់​គ្រប់​ក្រុម​គ្រួសារ​គឺ​ត្រូវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក ​ល្អ​បំផុត​គឺ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​ភ្ញាក់​ពី​គេង”។
​​វេជ្ជបណ្ឌិត​ដដែល​បន្ត​ថា ​ការ​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ហើយ​ចាំ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​សរុប​តែ​ម្ដង​នឹង​ធ្វើ​ឲ្យ​រាងកាយ​ទ្រុឌទ្រោម​បន្តិចម្ដងៗ។​​ ក្រៅ​ពី​នេះ ​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​ ​ដុះ​ក្បាល​ពោះ​ ​និង​កើត​ជំងឺ​ទឹកនោម​ផ្អែម ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​បេះដូង​ផង​ដែរ។

​​​​ទោះ​ជា​យ៉ាង​ណា​ ​អ្នក​ជំនាញ​បាន​ចង្អុល​បង្ហាញ​ថា ការ​សិក្សា​បន្ថែម​គួរ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ច្បាស់​ថា ​ការ​សន្និដ្ឋាន​នេះ​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ព្រោះ​ការ​សិក្សា​ខាង​លើ​ធ្វើ​ឡើង​លើ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ ៤៥ ​ឆ្នាំ​ឡើង​ប៉ុណ្ណោះ៕